គោរពស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់យុត្តិធម៌ជូនលោកយាយ តាំង ហៃថាំង ខណៈអាជ្ញាធរខណ្ឌឫស្សីកែវបានធ្វើការបកស្រាយតាមបណ្ដាញសង្គម

admin By admin August 4, 2026

​តាមរយៈវីដេអូ និងឯកសារភស្តុតាងជាក់ស្ដែង លោកយាយ តាំង ហៃថាំង កំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាដីធ្លី និងទីជម្រក ដែលគាត់បានកាន់កាប់ និងរស់នៅរយៈពេល ២១ ឆ្នាំមកហើយ។ យោងតាមឯកសារ “លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៤ បានបញ្ជាក់យ៉ាងច្បាស់ថា លោកយាយពិតជាបានទិញ និងទទួលសិទ្ធិកាន់កាប់ដីនេះយ៉ាងត្រឹមត្រូវពីភាគីឈ្មោះ ជិន ដេត និងប្រពន្ធឈ្មោះ វ៉ាន់ ចាន់ថូ (ទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ)។

​ទោះជាមានឯកសារបញ្ជាក់កម្មសិទ្ធិច្បាស់លាស់យ៉ាងណាក្ដី ថ្មីៗនេះ ឯកសារពាក់ព័ន្ធនឹងដីធ្លីរបស់គាត់ (ស.ច.ណ ០០៧) ត្រូវបានគេខកខាន ឬលុបឈ្មោះចេញពីបញ្ជី។ លោកយាយបានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលឈ្មោះ “ព្រុំ អូន” គឺមិនមានការពាក់ព័ន្ធនៅក្នុងសាច់រឿងនេះឡើយ ហើយលោកយាយក៏មិនដែលស្គាល់បុគ្គលនេះពីមុនមកដែរ។ លោកយាយបញ្ជាក់បន្ថែមថា គាត់មិនបានទៅទន្ទ្រានយកដីអ្នកណាទេ ដីនេះជាកម្មសិទ្ធិរបស់គាត់ ដែលបានទិញដោយស្របច្បាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ក្នុងវ័យដ៏ជរានេះ លោកយាយគ្មានទីពឹង និងកំពុងរងនូវភាពអយុត្តិធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។

​អាស្រ័យហេតុនេះ យើងខ្ញុំសូមក្រាបថ្វាយបង្គំ និងគោរពអំពាវនាវយ៉ាងទទូចដល់៖

​១. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

​២. សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

​៣. សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

​៤. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

​សូម សម្ដេច ព្រមទាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលឯកសារឡើងវិញ និងផ្ដល់នូវកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហានេះ។ ជាចុងក្រោយ លោកយាយទទូចស្នើសុំទាំងក្ដីក្រៀមក្រំ សូមថ្នាក់ដឹកនាំមេត្តាជួយផ្ដល់យុត្តិធម៌ ដើម្បីឲ្យគាត់ទទួលបានសិទ្ធិស្របច្បាប់វិញ និងអាចរស់នៅបានស្រួលបួលដោយសេចក្ដីសុខ មុនពេលដែលគាត់ទទួលមរណភាព។

​⚠️ សេចក្ដីបញ្ជាក់ពីការបកស្រាយរបស់អាជ្ញាធរ និងជំហរក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពព័ត៌មានយើងខ្ញុំ៖

​ជុំវិញករណីតវ៉ារបស់លោកយាយ តាំង ហៃថាំង នេះដែរ កន្លងមកក្រុមការងារអង្គភាពព័ត៌មានយើងខ្ញុំ បានព្យាយាមទំនាក់ទំនងទៅកាន់ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ចំនួន ០២ ដង តាមប្រព័ន្ធទូរសព្ទ ដើម្បីសុំការសម្ភាសន៍ និងសាកសួរបន្ថែម ប៉ុន្តែទូរសព្ទរោទ៍ចូលពុំមានអ្នកទទួលឡើយ។

​ទោះជាយ៉ាងណាក្តី ថ្មីៗនេះ អង្គភាពយើងខ្ញុំសង្កេតឃើញថា លោកអភិបាលខណ្ឌ បានថតចម្លង (Screenshot) ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ យកទៅធ្វើការបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយពុំបានបញ្ជូនលិខិតបំភ្លឺជាផ្លូវការណាមួយមកកាន់អង្គភាពយើងខ្ញុំឡើយ។ ទោះបីជាពុំទទួលបានលិខិតបំភ្លឺផ្លូវការក្ដី ក៏អង្គភាពព័ត៌មានយើងខ្ញុំ ដោយឈរលើគោលការណ៍វិជ្ជាជីវៈ និងដើម្បីផ្ដល់តុល្យភាពព័ត៌មាន សូមធ្វើការដកស្រង់នូវខ្លឹមសារបកស្រាយរបស់លោកអភិបាលខណ្ឌ ជិន ប៊ុនធឿន មកជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖

​«បញ្ហាដីធ្លីរបស់ក្រុមគ្រួសារលោក ព្រំ បូ (ដែលលោកយាយ តាំង ហៃថាំង ត្រូវជាម្ដាយក្មេក) ត្រូវបានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោះស្រាយបញ្ចប់ដោយបានប្រគល់ដីចំនួន ០៤ឡូតិ៍ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ រួចរាល់ហើយ។ ប៉ុន្តែលោកយាយ តាំង ហៃថាំង នៅតែបន្តយកឯកសារទិញលក់ឆ្នាំ២០០៤ មកទាមទារដីបន្ថែមផ្ទុយពីសេចក្តីសម្រេចនេះ ខណៈការផ្ទេរសិទ្ធិកាន់កាប់ដីពីឈ្មោះ ជិន ដេត នោះ គឺធ្វើឡើងតែគ្នាឯង គ្មានការទទួលស្គាល់ដឹងឮពីមន្ត្រីអាជ្ញាធរដែនដីណាម្នាក់ឡើយ។ ជាក់ស្តែង ទីតាំងដីទំហំប្រមាណ ២.២១៩,៧៩ម៉ែត្រក្រឡា ដែលលោកយាយកំពុងស្វែងរកកិច្ចអន្តរាគមន៍ចង់បាននេះ គឺជាដីដែលប្រជាពលរដ្ឋផ្សេងទៀតទទួលបានដំណោះស្រាយស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញរួចហើយ តែពួកគេនៅមិនទាន់អាចចូលកាន់កាប់បាន ដោយសារកូនៗរបស់លោកយាយ (ឈ្មោះ ព្រំ បូរ និង ព្រំ អូន) កំពុងបែងចែកគ្នាគ្រប់គ្រងកាន់កាប់ និងប្រកបរបរអាជីវកម្មនៅឡើយ។»

​ទន្ទឹមនឹងការបកស្រាយរបស់អាជ្ញាធរនៅលើបណ្ដាញសង្គមនេះ អង្គភាពយើងខ្ញុំក៏សង្កេតឃើញមានការបញ្ចេញមតិពីសំណាក់លោក ផែង  វណ្ណៈ ដែលបានសរសេរបង្ហោះក្នុងន័យចោទប្រកាន់ថា៖ “ប្ដឹងសារព័ត៌មាននេះទៅក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងបន្តប្ដឹងតុលាការថែមទៀត កុំអោយគាត់ផ្សាយព័ត៌មានខុសការពិត”។

ជុំវិញការលើកឡើងនេះ អង្គភាពយើងខ្ញុំសូមបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ថា យើងខ្ញុំមិនមានចេតនាចង់ឈ្លោះប្រកែក ឬតតាំងជាមួយបុគ្គល ឬស្ថាប័នណាមួយឡើយ។ ប៉ុន្តែ ក្នុងនាមជាស្ថាប័នព័ត៌មានឯករាជ្យ យើងខ្ញុំសុំសិទ្ធិបញ្ចេញមតិការពារខ្លួន និងមិនអាចទទួលយកបានឡើយនូវការជាន់ឈ្លីលើសិទ្ធិ និងសេរីភាពវិជ្ជាជីវៈរបស់យើងខ្ញុំ តាមរយៈការទាមទារឲ្យដកអាជ្ញាប័ណ្ណដោយមិនបានឆ្លងកាត់នីតិវិធីនៃការស្នើសុំសិទ្ធិឆ្លើយតប ឬលិខិតបំភ្លឺជាមុននោះ។

​អង្គភាពយើងខ្ញុំ សូមជម្រាបជូនសាធារណជន អាជ្ញាធរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបថា៖ អង្គភាពយើងខ្ញុំតែងតែឈរលើគោលការណ៍ កណ្ដាល សុក្រឹត និងយុត្តិធម៌ជានិច្ច។ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាស្ពាននាំសារពីបងប្អូនប្រជាពលរដ្ឋជូនទៅថ្នាក់ដឹកនាំ ព្រមទាំងនាំសារពីថ្នាក់ដឹកនាំមកកាន់បងប្អូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ ដោយពុំមានសិទ្ធិអំណាចក្នុងការកាត់សេចក្ដី ឬវិនិច្ឆ័យថាបុគ្គលណាខុស ឬត្រូវឡើយ។

​ការផ្សព្វផ្សាយកន្លងមក គឺផ្អែកទាំងស្រុងលើឯកសារគតិយុត្ត និងភស្តុតាងដែលបងប្អូនប្រជាពលរដ្ឋបានផ្ដល់មកឲ្យយើងខ្ញុំ ដោយ គ្មានចេតនាលាបពណ៌ ញុះញង់ បំផុសបំផុល ជាន់ពន្លិច ឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងមុខមាត់របស់មន្ត្រី អាជ្ញាធរ ឬស្ថាប័នណាមួយជាដាច់ខាត។ ផ្អែកលើច្បាប់ស្ដីពីរបបសារព័ត៌មាន ព្រមទាំងវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន អង្គភាពយើងខ្ញុំស្វាគមន៍ និងរង់ចាំជានិច្ចក្នុងការទទួលយកការបកស្រាយបំភ្លឺផ្លូវការពីមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធ គ្រប់ម៉ោង គ្រប់ពេលវេលាធ្វើការ។

​រាយការណ៍ព័ត៌មាន និងចុះផ្សាយនៅ៖ ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ @chin bountheun

@Chin Bountheun

Leave a Reply

Your email address will not be published. Required fields are marked *